ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន

September 09, 2024 រតនៈ
ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន

ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន

ពេលយើងឈឺធ្មេញម្ដងៗ ពិបាកទ្រាំ លែងមានអារម្មណ៍ធ្វើការអីទាំងអស់ ព្រោះដោយសាររំខានពីអាការៈឈឺធ្មេញហ្នឹងឯង។ កាន់តែយ៉ាប់ទៀតនោះ គឺឈឺធ្មេញចំពេលយប់ បណ្ដាលឲ្យយើងពិបាកគេងលក់ និងអាចធ្វើឲ្យមានអារម្មណ៍ឆេវឆាវនៅថ្ងៃថ្មីទៀត។ ហេតុអ្វីបានធ្មេញឈឺពេលយប់ ពិបាកទ្រាំជាងឈឺធ្មេញពេលថ្ងៃ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងថា មូលហេតុមួយដែលធ្វើឲ្យឈឺធ្មេញកាន់តែយ៉ាប់នៅពេលយប់ ព្រោះយើងទម្រេតខ្លួន បណ្ដាលឲ្យឈាមបុកទៅក្បាល។ ឈាមដែលមាននៅតំបន់នោះអាចបង្កើនភាពឈឺចាប់ និងដាក់សម្ពាធទៅលើអារម្មណ៍ដែលគ្នាយើងទទួលបានពីការឈឺធ្មេញនោះ។ ម្យ៉ាងវិញទៀត អាការៈឈឺធ្មេញខ្លាំងពេលយប់អាចដោយសារមិនមានអ្វីរំខានឲ្យយើងមិនចាប់អារម្មណ៍ទៅលើបញ្ហាធ្មេញ។ អាការៈឈឺធ្មេញពេលយប់អាចមិនមែនជារឿងងាយស្រួលទេ ទោះទ្រាំមិនបានក៏ត្រូវទ្រាំដែរ ព្រោះមិនអាចរត់ទៅរកពេទ្យធ្មេញទាំងយប់បានទេ។ ប៉ុន្តែយើងអាចសាកល្បងតាមវិធីបំបាត់ការឈឺខាងក្រោមនេះបានដូចជា៖ លេបថ្នាំបំបាត់ការឈឺចាប់៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ជាវិធីសម្រួលដល់ការឈឺចាប់បានមួយរយៈចំពោះការឈឺចាប់ស្រាល-មធ្យម។ ពេលប្រើថ្នាំ ដើម្បីបំបាត់ការឈឺចាប់ យើងគួរប្រើឲ្យត្រូវទៅតាមការណែនាំពីឱសថការី ឬតាមពាក្យណែនាំលើថ្នាំជាដើម។ ខ្ពុរទឹកអំបិល៖ ក្បួននេះជាក្បួនសាមញ្ញ និងមានគ្រឿងផ្សំងាយស្រួលរកមាននៅក្នុងផ្ទះយើង សម្រាប់សម្រួលដល់បញ្ហាឈឺធ្មេញពេលយប់។ ទឹកអំបិលជាភ្នាក់ងារប្រឆាំងនឹងមេរោគពីធម្មជាតិ ដូចនេះហើយវាអាចកាត់បន្ថយការរលាក និងការពារធ្មេញខូចពីការឆ្លងមេរោគ។ បិតខ្ទឹមសលើធ្មេញឈឺ៖ រាប់ពាន់ឆ្នាំមកហើយ ខ្ទឹមសត្រូវបានគ្រូពេទ្យវេជ្ជសាស្ត្រស្គាល់ និងប្រើប្រាស់ដោយសារសារធាតុជាឱសថដែលវាផ្ទុក។ ខ្ទឹមសមិនត្រឹមតែអាចសម្លាប់មេរោគដែលធ្វើឲ្យខូចធ្មេញទេ វាក៏អាចដើរតួនាទីជាថ្នាំបំបាត់ការឈឺចាប់បានផងដែរ។ ស្អំទឹកកក៖ ការស្អំទឹកកកអាចសម្រួលដល់ការឈឺចាប់ដោយសារឈឺធ្មេញបាន។ ការស្អំទឹកកក នៅខាងថ្គាមដែលឈឺអាចពង្រួមសរសៃឈាមនៅតំបន់នោះ ជាហេតុជួយបំបាត់ការឈឺចាប់ជួយឲ្យយើងគេងលក់បានស្រួលជាងមុន។ មួយវិញទៀត ការស្អំទឹកកកពី ១៥-២០នាទី រាល់២-៣ម៉ោង/ម្ដង អាចការពារធ្មេញមិនឲ្យឈឺពេលយើងចូលគេង។ ខ្ពុរតែជីអង្កាម៖ ការខ្ពុរ ឬស្អំកញ្ចប់តែជីអង្កាម (peppermint tea bag) នៅធ្មេញឈឺដោយផ្ទាល់អាចជួយកាត់បន្ថយអាការៈឈឺចាប់បាន។ នៅក្នុងជីអង្កាមមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្ម ហើយមេនថុល ជាសារធាតុមួយក្នុងជីអង្កាម អាចជួយធ្វើឲ្យកន្លែងឈឺចាប់ ស្ពឹកបានមួយរយៈពេលខ្លី។ វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា ជំងឺធ្មេញជាច្រើនត្រូវការព្យាបាលដោយទន្តពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់គ្រាន់តែអាចធ្វើឲ្យបានឈឺមួយរយៈពេលប៉ុណ្ណោះ។ បើយើងឈឺធ្មេញផង និងមានលាយជាមួយរោគសញ្ញាប៉ុន្មាននេះ ត្រូវតែពិនិត្យ និងព្យាបាលជាមួយពេទ្យដូចជា៖ • ក្ដៅខ្លួន • ពិបាកទំពា ឬដកដង្ហើម • ហើម • ឈឺពេលខាំ • អញ្ចាញឡើងក្រហមខុសធម្មតា។ល។

អំពីមន្ទីរពេទ្យយើងខ្ញុំ

មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ ប្តេជ្ញាផ្តល់ការថែទាំធ្មេញដែលមានគុណភាពខ្ពស់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ក្រុមទន្តបណ្ឌិតជំនាញរបស់យើងធានានូវការព្យាបាលដ៏ល្អបំផុតដោយផ្តោតលើសុវត្ថិភាព និងអនាម័យ។

ម៉ោងធ្វើការ
  • ថ្ងៃចន្ទ - ថ្ងៃសុក្រ: 8:00 ព្រឹក - 6:00 ល្ងាច
  • ថ្ងៃសៅរ៍ - ថ្ងៃអាទិត្យ: 8:00 ព្រឹក - 5:00 ល្ងាច
ទំទាក់ទំទងយើងខ្ញុំ
  • ផ្ទះលេខ96C ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  • 012 994 704 / 088 31 32 168
  • info@mysmile.com
ទីតាំងមន្ទីរពេទ្យ

© 2024 My Smile Dental Clinic. All rights reserved.